ឧកញ៉ា​ឡាយ ឈុនហួ ប្រធានក្រុមប្រឹក្សាភិបាល​ ​ក្រុមហ៊ុន​ សុីធីរ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., Ltd)​ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ បាន​ចូលរួម​ យុទ្ធនាការដាំកូនឈើចំនួន ១ ៥០០ ដើម ក្រោមប្រធានបទ «កូនឈើមួយ ក្តីស្រឡាញ់មួយ»​ ។ដែល​យុទ្ធនាការ​នោះ​ដឹកនាំដោយ​ ឯកឧត្ដម​ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)​ និង​កិច្ចសហការសម្របសម្រួលរៀបចំរបស់ ស.ស.យ.ក និងរដ្ឋបាលស្រុកខ្សាច់កណ្ដាល។ ដោយមានការចូលរួមពី បុគ្គលិកនៃធនាគារ ARDB, ប្អូនៗយុវជន, តំណាងលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល, ក្រុមប្រឹក្សាស្រុក, មន្រ្តីសាលាស្រុក, កងកម្លាំងប្រដាប់អាវុធទាំង៣អង្គភាព, មេភូមិ មេឃុំ ស្មៀន ទាំង១២ឃុំ, ប្រជាការពារ, កាយរិទ្ធ, កាកបាទក្រហម, សសយក, ក្រុមកីឡាយុវជន, លោកគ្រូអ្នកគ្រូ, និងសិស្សានុសិស្ស សរុបប្រមាណ ១ ១០០នាក់។ ឯកឧត្ដម​ បណ្ឌិត កៅ ថាច មានប្រសាសន៍ថា ការដាំកូនឈើថ្ងៃនេះ គឺដើម្បីចូលរួមអបអរសាទរខួបលើទី ៧២ រុក្ខទិវា (៩ កក្កដា ១៩៥២ – ៩ កក្កដា ២០២៤) និងចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ការប្រែប្រួលភពផែនដីឡើងកំដៅ ហើយការឡើងកំដៅនេះ មិនមែនតែកម្ពុជាទេ គឺគ្រប់ប្រទេសទូទាំងពិភពលោក។