Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ស្រប​ពេល​ដែល​តម្លៃ​ស្រូវ​ប្រភេទ OM បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក នៅ​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ឧកញ៉ា ឡាយ ឈុនហួ ម្ចាស់​រោងម៉ាស៊ីនកិនស្រូវ «City Rice Import Export» នៅស្រុក​ថ្មគោល ខេត្តបាត់ដំបង​បាន​ថ្លែង​ថា ដើម្បី​ជួយ​ដល់​កសិករ​ដែល​ប្រឈម​បញ្ហាទីផ្សារ នៅ​ដើម​ខែ​មករា ឆ្នាំ​២០២៥ នេះ រោង​ម៉ាស៊ីន​បាន​ប្រមូល​ទិញ​ស្រូវ​ប្រភេទ​ OM ពី​កសិករ​ក្នុង​រង្វង់​ប្រមាណ​ ១ ម៉ឺន​តោន​ (​ស្រូវ​សើម​)​។

ឧកញ៉ា​ ឡាយ ឈុនហួ បានឱ្យ «កម្ពុជាថ្មី» ដឹង​ថា ​កន្លង​មកប្រភេទ​ស្រូវ OM នេះ​ខាង​រោង​ម៉ាស៊ីន​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន ឥណ្ឌូ​នេស៊ី និង​សហគមន៍​អឺរ៉ុប​​ ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​ចំនួន​មួយ​ដែល​តិច​តួច​ខ្លាំង​ ព្រោះ​ស្ទើរ​តែ​ ៩០% នៃ​ការ​នាំ​ចេញ ខាង​រោង​ម៉ាស៊ីន​​ធ្វើ​ការនាំ​ចេញ​តែ​ប្រភេទ​ស្រូវ​សែន​ក្រអូប ផ្ការំដួល និង​ប្រភេទ​ស្រូវ​ស្រងែប៉ុណ្ណោះ។

​លោកថា វិបត្តិ​តម្លៃ​ទីផ្សារ​ស្រូវ​ធ្លាក់​ចុះប្រភេទ​ស្រូវ OM ខណៈ​កសិករ​បាន​សម្រុក​ធ្វើ​ច្រើន ហើយ​ការ​បញ្ជា​ទិញ​ភាគ​ច្រើន​នាំ​ចេញ​​ទៅ​កាន់​ប្រទេស​វៀតណាម​ ដូច្នេះ​រោង​ម៉ាស៊ីន​​របស់​លោក​ផ្ទាល់​ក៏​បាន​សម្រេច​ចិត្ត​ធ្វើ​ការ​ប្រមូល​ទិញ​ខ្លះ​ៗ​ពី​កសិករ។ ជាក់ស្តែង​ នៅ​ក្នុង​ខែ​មករា ឆ្នាំ​២០២៥ នេះ រោង​ម៉ាស៊ីន​បានប្រមូល​ទិញ​ពី​កសិករ​ប្រមាណ​ជា ១​ ម៉ឺន​តោន (​ស្រូវ​សើម) យក​មក​សម្ងួត​ និង​ស្តុក​ទុក​​នៅ​ក្នុង​ឃ្លាំង​ដើម្បី​ព្យាយាម​រក​ទីផ្សារ​នៅ​ពេល​ក្រោយ​។

ក្នុង​នោះ​ដែរ​ ប្រភេទ​ស្រូវ​ OM ដឹក​មក​ដល់​រោង​ម៉ាស៊ីន​ស្រូវ​សើម រោងម៉ាស៊ី​ទិញ​ក្នុង​តម្លៃ​ប្រមាណ ៨៤០​រៀល ទៅ ៨៥០ រៀន​ ក្នុង​មួយ​គីឡូ​ក្រាម​ ដែល​ភាគ​ច្រើន​ទិញ​ចូល​ពី​កសិករ​ដែល​ក្នុង​ស្រុក​ថ្ម​គោល​ ខេត្ត​បាត់ដំបង​ផ្ទាល់​តែ​ម្តង។

ឧកញ៉ា ឡាយ ឈុនហួ ក៏​បាន​បន្ថែម​ដែរ​ថា «​ដោយ​សារ​បរិមាណ​ស្រូវ​ ១​ ម៉ឺន​តោន ​​កិន​ជា​អង្ករ​បាន​ជិត ៤ ពាន់​តោន​ ដូច្នេះ​ហើយ​ចាំ​បាច់​ត្រូវ​រក​ទីផ្សារ​សម្រាប់​ការ​នាំ​ចេញ ដើម្បី​អាច​ទិញ​ស្រូវ​ចូល​បន្ត​ទៀត​បាន​»។

លោក​ឧកញ៉ា​ ក៏​បាន​បញ្ជាក់​ដែរ​ថា បច្ចុប្បន្ន​នេះ​ខាង​រោង​ម៉ាស៊ីន ក៏​នៅ​តែ​បន្ត​ទិញ​នូវ​ប្រភេទ​ស្រូវ​ស្រង៉ែ​ និង​សែន​ក្រអូប​ដោយ​ប្រភេទ​ស្រូវ​ស្រង៉ែ ដែល​​សឹង​តែ ១០០% រោងម៉ាស៊ីន​បាន​ប្រមូល​ទិញ​ចូល​ច្រើន​នូវ​ស្រូវ​ប្រភេទ​នេះ​៕